អ្វីដែលគួរធ្វើ និងមិនគួរធ្វើ
ដើម្បីឲ្យដំណើរកម្សាន្តប្រចាំជីវិត កាន់តែមានន័យ មានរឿងមួយចំនួនដែលអ្នកត្រូវដឹង។
ឥឡូវនេះអ្នកប្រហែលជាដឹងហើយថាការធ្វើដំណើរដោយគ្មាន Tinder គឺដូចជាការចេញទៅបរិភោគអាហារដោយគ្មានកាបូបលុយ៖ អ្នកដាក់កម្រិតខ្លួនអ្នកមិនឲ្យមានបទពិសោធន៍បែបនេះ ហើយចុងក្រោយអ្នកក៏លេបទឹកមាត់ដោយសារឃ្លានរបស់ដែលអ្នកមិនអាចទិញពិសាបានទៅវិញ។
ជាសំណាងល្អ កម្មវិធីអនុញ្ញាតឲ្យអ្នកជួបជាមួយមនុស្សក្នុងតំបន់នៅក្នុងគោលដៅរបស់អ្នក ហើយនរណាទៅដឹង? ពួកគេអាចនឹងឲ្យអ្នកភ្លក់រសជាតិកាហ្វេដ៏ឆ្ងាញ់ពិសាបំផុត ឬនាំអ្នកទៅកន្លែងស្តាប់ឌីស្កូស្ងាត់ល្អបំផុតនៅក្នុងទីក្រុង។ ហើយតើអ្នកមិនចង់ស្គាល់ហាងភីហ្សាពេញនិយមជាងគេ តាមការណែនាំរបស់ Ben អាយុ 24 ឆ្នាំ ដែលជាអ្នកញូវយ៉ក ទេឬ? និយាយអ៊ីចឹង Ben មកជាមួយមិត្តភក្តិដ៏អស្ចារ្យជាច្រើននាក់ និងស្គាល់បារដ៏ល្បីបំផុត៖ នោះគឺជាបណ្តាញទំនាក់ទំនងមួយដែលអ្នកមិនចង់ឲ្យរំលងផុតទេ។
ប៉ុន្តែដើម្បីឲ្យដំណើរកម្សាន្តប្រចាំជីវិត កាន់តែមានន័យជាមួយយើង មានរឿងមួយចំនួនដែលអ្នកត្រូវដឹង។ សូមធ្វើតាមគន្លឹះទាំងនេះ ហើយកុំភ្ញាក់ផ្អើលប្រសិនបើអ្នករកបានមិត្តភក្តិជាច្រើននៅក្នុងតំបន់ផ្សេងៗគ្នា។
ធ្វើបច្ចុប្បន្នភាពការពណ៌នាពីខ្លួនអ្នក
ដំបូងបង្អស់៖ ធ្វើបច្ចុប្បន្នភាពការពណ៌នាពីខ្លួនអ្នក ហើយប្រាប់មនុស្សគ្រប់គ្នាឲ្យដឹងថាអ្នកកំពុងធ្វើដំណើរកម្សាន្ត។ អ្នកអាចដាក់កាលបរិច្ឆេទ និងទីក្រុងដែលអ្នកនឹងធ្វើដំណើរទៅ ឲ្យលើសពីការរៀបរាប់ធម្មតារបស់អ្នកបាន។ ប៉ុន្តែសូមប្រុងប្រយ័ត្ន កុំផ្តល់ព័ត៌មានច្រើនពេកដូចជា ព័ត៌មានផ្ទាល់ខ្លួនអំពីអាសយដ្ឋាន ព្រោះវាផ្ទុយពីគោលការណ៍ណែនាំសម្រាប់អ្នកប្រើប្រាស់របស់យើង ហើយវាក៏មិនមានសុវត្ថិភាពដែរ។ រក្សាព័ត៌មានជាក់លាក់ដូចជាទីតាំងសណ្ឋាគាររបស់អ្នក តែក្នុងខ្លួនអ្នក និងជាមួយមនុស្សដែលអ្នកស្គាល់ច្បាស់បានហើយ។
ភ្ជាប់ទំនាក់ទំនងមុនពេលអ្នកទៅ
មានលិខិតឆ្លងដែនទេ? អស្ចារ្យណាស់ ប៉ុន្តែវានឹងមិនអាចជួយអ្នកបានទេ លុះត្រាតែវាត្រូវបានចេញដោយ Tinder។ ប្រសិនបើអ្នកជាមនុស្សដែលមានគម្រោង វាជាការប្រសើរក្នុងការប្រើលិខិតឆ្លងដែន Tinder ដើម្បីពិនិត្យមើលគូផ្គូផ្គងសក្តានុពលរបស់អ្នកជាមុន ហើយចាប់ផ្តើមរៀបចំការណាត់ជួប។ នេះជាវិធីល្អបំផុតក្នុងការរៀបចំផែនការធ្វើដំណើរដែលមានទាំងមនុស្សថ្មី និងបទពិសោធន៍ថ្មីៗ។ ដើម្បីចាប់ផ្តើមដំណើរការពិនិត្យរបស់អ្នក សូមពិចារណា៖ តើគូផ្គូផ្គងនេះអាចធ្វើការសន្ទនាបានទេ? តើគេជាមនុស្សដែលរីករាយ និងអាចដើរលេងជាមួយដោយសុវត្ថិភាពបានទេ? សំខាន់បំផុត តើគេមានតម្លៃសម្រាប់ឲ្យអ្នកចំណាយពេលជាមួយនៅក្នុងទីក្រុងថ្មីនោះទេ? ទាំងនេះគឺសុទ្ធសឹងតែជាសំណួរដែលត្រូវមានចម្លើយ… តោះទៅស្វែងរកចម្លើយ។
ដឹងពីច្បាប់នៅកន្លែងដែលអ្នកស្ថិតនៅ។
អ្នកអាចនឹងមានការភ្ញាក់ផ្អើលអំពីអ្វីដែលត្រូវបានចាត់ទុកថាជាបទល្មើសដែលត្រូវផ្តន្ទាទោសដោយច្បាប់នៅក្នុងទីក្រុងផ្សេងៗគ្នា រាប់ចាប់ពីការខាកស្តោះរហូតដល់ការជាក់បារី។ ត្រូវប្រាកដថាអ្នកបានសិក្សាស្វែងយល់អំពីច្បាប់នៃគោលដៅធ្វើដំណើររបស់អ្នកដើម្បីជៀសវាងស្ថានភាពធ្ងន់ធ្ងរណាមួយដែលអាចនឹងបំផ្លាញដំណើរកម្សាន្តរបស់អ្នក។ ប្រសិនបើអ្នកជាអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវដឹងថាតើប្រទេសណាខ្លះដែលដាក់ទោសចំពោះការស្រឡាញ់ភេទដូចគ្នា។ ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ទីតាំងមួយក្នុងចំណោមទីតាំងទាំងនេះ យើងនឹងជូនដំណឹងដល់អ្នកនៅពេលអ្នកបើក Tinder ហើយអ្នកអាចជ្រើសរើសរក្សាភាពឯកជននៃប្រូហ្វាល់របស់អ្នកបានក្នុងអំឡុងពេលស្នាក់នៅ។
មើលមនុស្សគ្រប់គ្នា
ការពង្រីកចំណូលចិត្តរបស់អ្នកអាចធ្វើឲ្យអ្នកមានបណ្តាញទំនាក់ទំនងកាន់តែច្រើន។ ការផ្លាស់ប្តូរមិនចាំបាច់មានលក្ខណៈជាអចិន្ត្រៃយ៍ទេ ហើយងាយស្រួលណាស់ក្នុងការផ្លាស់ប្តូរវាទៅមក៖ សូមចូលទៅកាន់ការកំណត់ រួចសុំឲ្យ Tinder បង្ហាញមនុស្សគ្រប់គ្នាឲ្យអ្នកឃើញ ដើម្បីឲ្យអ្នកអាចបង្កើតបណ្តាញទំនាក់ទំនងបានច្រើនតាមដែលអាចធ្វើទៅបាន។ ជួបមិត្តភក្តិផ្សេងៗ ជួបមិត្តភក្តិដែលមានសក្តានុពលលើសពីមិត្តភាព ហើយអ្វីដែលសំខាន់បំផុតនោះគឺជួបមនុស្សក្នុងតំបន់។
អាចមើលឃើញនៅទីសាធារណៈ
អ្នកបានបង្កើតទំនាក់ទំនងមួយ ហើយអ្នកត្រៀមខ្លួននឹងជួបគេដោយផ្ទាល់នៅក្នុងទីក្រុងថ្មីមួយ។ យើងពិតជារីករាយដែលបានឮបែបនេះ ប៉ុន្តែយើងមានសំណើសំខាន់មួយ៖ សូមណាត់ជួបគ្នានៅទីកន្លែងសាធារណៈជានិច្ច មិនថាអ្នកស្ថិតនៅចម្ងាយ 45 ឬ 4,000 ម៉ាយល៍ឡើយ។ ការធ្វើបែបនេះដើម្បីឲ្យប្រាកដថាអ្នកមានសុវត្ថិភាពខ្ពស់ជានិច្ច។ ជួបគ្នានៅទីកន្លែងដូចជាភោជនីយដ្ឋាន សារមន្ទីរ រង្គសាល និងហាងកាហ្វេ ហើយត្រូវមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនជានិច្ច ទាំងទៅ និងមកពីការណាត់ជួប។
ចែករំលែកប្រូហ្វាល់
នេះជាអ្វីដែលយើងហៅថារឿងរបស់មនុស្សពេញវ័យ៖ ត្រូវគិតពីសុវត្ថិភាពជាចម្បង ហើយកុំរក្សាទំនាក់ទំនងរបស់អ្នកជាការសម្ងាត់។ ប្រាប់ដៃគូធ្វើដំណើរណាមួយឲ្យដឹងពីទីកន្លែង និងនរណាដែលអ្នកនឹងទៅជាមួយ។ ប្រសិនបើអ្នកធ្វើដំណើរតែម្នាក់ឯង សាកសួរមិត្តភក្តិរបស់អ្នកពីផ្ទះ ហើយចែករំលែកព័ត៌មានរបស់បុគ្គលដែលអ្នកនឹងជួប។ ស្ទង់មើលថាពួកគេគិតយ៉ាងម៉េចដែរចំពោះបុគ្គលនោះ ដូច្នេះអ្នកនឹងធូរស្រាលក្នុងចិត្តដោយសារយ៉ាងហោចណាស់មានមនុស្សម្នាក់ដឹងថាអ្នកនៅជាមួយអ្នកណា។
បង្ហាញពីបំណងរបស់អ្នក
ប្រាប់មនុស្សទាំងឡាយឲ្យដឹងថាអ្នកនឹងនៅទីនោះយូរប៉ុនណា ហើយអ្នកកំពុងព្យាយាមបង្កើតទំនាក់ទំនងប្រភេទណា នោះវានឹងដំណើរការទៅយ៉ាងរលូន ទាក់ទងនឹងការគ្រប់គ្រងការរំពឹងទុក។ មកទីនេះដើម្បីសប្បាយ ប៉ុន្តែមិននៅយូរទេ? ប្រាប់ពួកគេឲ្យបានដឹង ដើម្បីកុំឲ្យអ្នកធ្វើឲ្យនរណាម្នាក់ខូចចិត្តក្នុងពេលដែលអ្នកធ្វើដំណើរកម្សាន្ត។