សុវត្ថិភាពនៅ Tinder


កន្លែងសុវត្ថិភាព និងទុកចិត្តបានសម្រាប់ប្រើវេទមន្តក្នុងការរក្សាការភ្ជាប់ទំនាក់ទំនង!

បេសកកម្មរបស់ក្រុមការងារផ្នែកសុវត្ថិភាពរបស់ Tinder គឺបង្កើតអង្គភាពដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក ដោយធានាថាសមាជិករបស់យើងមានកន្លែងឯកជនមួយដែលមានសុវត្ថិភាពសម្រាប់ប្រើវេទមន្តក្នុងការរក្សាការភ្ជាប់ទំនាក់ទំនងថ្មីៗ។

ដោយសារអ្នកផ្តល់ព័ត៌មានរបស់អ្នកឲ្យ Tinder សុវត្ថិភាពនៃកម្មវិធីរបស់យើង និងភាពឯកជននៃទិន្នន័យរបស់អ្នកគឺជាអាទិភាពខ្ពស់បំផុតរបស់យើង។ ការធានាថាយើងរក្សាបាននូវកម្មវិធីសុវត្ថិភាពមួយដែលរឹងមាំ មានតម្លាភាព និងមានទំនួលខុសត្រូវ គឺជាស្នូលនៃការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក។

ការអនុវត្តសុវត្ថិភាពផ្ទៃក្នុង Tinder

កម្មវិធីសុវត្ថិភាពនៅ Tinder ការពារអង្គភាពរបស់យើង និងទិន្នន័យរបស់អ្នកគ្រប់ពេលវេលា ដោយប្រើប្រាស់ការរួមបញ្ចូលគ្នានៃហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពឈានមុខគេនៅក្នុងឧស្សាហកម្ម ការអនុវត្តចំពោះទិន្នន័យប្រកបដោយទំនួលខុសត្រូវ ព្រមទាំងការអនុវត្តល្អបំផុតផ្នែកសុវត្ថិភាព និងភាពឯកជនដើម្បីយកឈ្នះការគំរាមកំហែងមួយចំនួនដែលកំពុងវិវឌ្ឍខ្លួនប្រឈមនឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មអ៊ីនធឺណិត។

កម្មវិធីសុវត្ថិភាពរបស់យើងផ្តោតលើដូមែនដូចខាងក្រោម៖

កម្មវិធីសុវត្ថិភាពព័ត៌មានផ្ទៃក្នុង៖ យើងខិតខំបង្កើនសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៅក្នុងបរិយាកាសបែបឌីជីថលរបស់ Tinder។ យើងបង្កើតដោយបុរេសកម្មនូវប្រូតូកូលនៃការចូលប្រើ និងស្ថាបត្យកម្មបណ្តាញដែលមានសុវត្ថិភាព ដើម្បីបើកដំណើការការគ្រប់គ្រងជាលក្ខណៈប្រព័ន្ធលើការចូលប្រើផ្ទៃក្នុងនូវគ្រឿងបរិក្ខារ ប្រព័ន្ធ និងប្រភពព័ត៌មានរបស់ Tinder ដោយប្រើគំរូឯកសិទ្ធិតិចបំផុត។ Tinder ពង្រឹងការអនុវត្តផ្ទៃក្នុងនូវការប្រើប្រាស់ការផ្ទៀងផ្ទាត់អត្តសញ្ញាណតាមពីរជំហាន (2FA)។

សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ / កម្មវិធី៖ សុវត្ថិភាពត្រូវបានបង្កើតឡើង និងដាក់បញ្ចូលនៅគ្រប់កម្រិតទាំងអស់នៃវដ្តអភិវឌ្ឍន៍របស់យើងដើម្បីជួយបង្កើតផលិតផលដែលកាន់តែប្រសើរ និងមានសុវត្ថិភាពជាងមុន និងដើម្បីធានាបាននូវគោលការណ៍រចនា និងវិស្វកម្មដែលមានសុវត្ថិភាព។ កម្មវិធី និងប្រព័ន្ធរបស់យើង រួមទាំងមុខងារថ្មីៗ លេខកូដ និងការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធ ឆ្លងកាត់ការត្រួតពិនិត្យ និងការវាយតម្លៃលើការរចនាផ្នែកសុវត្ថិភាពយ៉ាងទូលំទូលាយដោយក្រុមការងារផ្ទៃក្នុងរបស់យើង។ លើសពីនេះទៀត កម្មវិធី និងប្រព័ន្ធទាំងនេះជាច្រើនឆ្លងកាត់ការធ្វើតេស្តត្រាប់ការវាយប្រហារ ដោយឯករាជ្យ និងហ្មត់ចត់ជាទៀងទាត់តាមរយៈអ្នកជំនាញផ្នែកសុវត្ថិភាពជាភាគីទីបីដ៏ល្បីល្បាញ។

អភិបាលកិច្ច ហានិភ័យ និងអនុលោមភាព៖ នៅ Tinder ការយល់ដឹងអំពីសុវត្ថិភាពចាប់ផ្តើមតាំងពីថ្ងៃដំបូងទៅ ហើយបន្ទាប់មក វាគឺជាដំណើរការដែលត្រូវធ្វើជាប់ជានិច្ច។ និយោជិតគ្រប់រូបឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងឯកជនភាពជារៀងរាល់ឆ្នាំ។ សុវត្ថិភាពគឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នានៅ Tinder។ យើងបានអនុវត្ត និងពង្រឹងការអនុវត្តការគ្រប់គ្រងផ្នែករូបវន្ត ប្រតិបត្តិការ និងបច្ចេកទេស ព្រមទាំងពង្រឹងការអនុវត្តគោលការណ៍ និងនីតិវិធីសុវត្ថិភាពដើម្បីការពារប្រព័ន្ធ និងទិន្នន័យសមាជិករបស់យើងឲ្យមានសុវត្ថិភាព។ ក្រៅពីការវាយតម្លៃហានិភ័យផ្នែកសុវត្ថិភាពផ្ទៃក្នុងយ៉ាងទូលំទូលាយ យើងក៏បានធ្វើការពិនិត្យស៊ីជម្រៅអំពីស្ថានភាពសុវត្ថិភាពរបស់អ្នកផ្តល់សេវាកម្មជាភាគីទីបីរបស់យើងផងដែរ។

ក្រុមក្រហម / សុវត្ថិភាពពីការវាយប្រហារ៖ ក្រុមក្រហមផ្ទៃក្នុងរបស់យើងកំណត់អត្តសញ្ញាណភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដែលមិនធ្លាប់ស្គាល់ពីមុននៅក្នុងប្រព័ន្ធ និងលំហូរការងារដែលមានស្រាប់តាមរយៈការធ្វើតេស្តសុវត្ថិភាពពីការវាយប្រហារ។ ក្រុមនេះធ្វើត្រាប់ការវាយប្រហារជាក់ស្តែងលើគ្រប់ផ្នែករបស់ក្រុមហ៊ុន និងផ្តល់អាទិភាពដល់ការបង្កើនកម្រិតសុវត្ថិភាពដើម្បីដោះស្រាយផ្នែកទាំងឡាយដែលមានហានិភ័យខ្ពស់បំផុត។ គោលដៅរបស់យើងគឺស្វែងយល់អំពីការប្រឈមទាំងឡាយដែលអាចមាន និងធ្វើតេស្តជាបន្តបន្ទាប់ដើម្បីកាត់បន្ថយលទ្ធភាពនៃការបំពាន។

ការតាមដាន និងការគ្រប់គ្រងការគំរាមកំហែង៖ ការចូលប្រើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរបស់យើងត្រូវមានការចុះឈ្មោះចូល និងត្រូវបានតាមដានជាប់ជានិច្ច។ កម្មវិធីតាមដានសុវត្ថិភាព ស៊ើបអង្កេត ប្រមាញ់រកការគំរាមកំហែង និងឆ្លើយតបរបស់ Tinder ធានាថាយើងទទួលបាននូវសញ្ញាអាសន្ន ព្រមទាំងស៊ើបអង្កេត វិនិច្ឆយ និងដោះស្រាយហេតុការណ៍សុវត្ថិភាពនានាបានសមស្រប។

វិញ្ញាបនបត្រអនុលោមភាព ស្តង់ដារ និងបទប្បញ្ញត្តិ

Tinder គឺជាកម្មវិធីណាត់ជួបដំបូងគេបង្អស់ដែលត្រូវបានទទួលស្គាល់លើការអនុវត្តផ្នែកសុវត្ថិភាពព័ត៌មានគ្រប់ជ្រុងជ្រោយស្របតាមស្តង់ដារដែលមានការទទួលយកជាលក្ខណៈអន្តរជាតិ ដោយទទួលបានវិញ្ញាបនបត្រ ISO/IEC 27001:2013 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់យើង។ មើលវិញ្ញាបនបត្រ

យើងក៏មានការធ្វើសវនកម្មជារៀងរាល់ឆ្នាំពីសំណាក់ក្រុមហ៊ុនឯករាជ្យនានាផងដែរ ដើម្បីធានានូវអនុលោមភាពរបស់យើងទៅតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពរបស់ SOX និង PCI-DSS។

រាយការណ៍ពីភាពងាយរងគ្រោះផ្នែកសុវត្ថិភាព

Tinder ស្វាគមន៍ធាតុចូលពីសហគមន៍ស្រាវជ្រាវផ្នែកសុវត្ថិភាពក្នុងការកំណត់បញ្ហា និងវិធីសាស្រ្តដែលអាចមានដើម្បីបង្កើនសុវត្ថិភាពនៃកម្មវិធី ហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យសមាជិករបស់យើង។ យើងសូមលើកទឹកចិត្តឲ្យអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបញ្ចេញប្រកបដោយការទទួលខុសត្រូវនូវព័ត៌មានអំពីភាពងាយរងគ្រោះទាំងឡាយដែលអាចមាន ទៅកាន់កម្មវិធី Bug Bounty របស់យើង។ យើងប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពប្រកបដោយការទទួលខុសត្រូវ និងឲ្យបានទាន់ពេលវេលា។ ដើម្បីការពារសមាជិករបស់យើង យើងស្នើសុំឲ្យអ្នកសូមកុំចែករំលែកព័ត៌មានអំពីភាពងាយរងគ្រោះទាំងឡាយដែលអាចមាន ជាមួយនរណាម្នាក់ដែលនៅក្រៅ Tinder រហូតទាល់តែយើងមានឱកាសពិនិត្យមើល និងដោះស្រាយវាជាមួយអ្នក។ យើងសូមអរគុណដល់អ្នកដែលបានជួយធ្វើឲ្យ Tinder មានសុវត្ថិភាពសម្រាប់សមាជិករបស់យើង។

ចំពោះសំណួរ កង្វល់ ឬបញ្ហាទាក់ទងនឹងប្រូហ្វាល់របស់អ្នក ឬដើម្បីរាយការណ៍អំពីសមាជិក ឬប្រូហ្វាល់មួយផ្សេងទៀត សូមចូលទៅកាន់ https://www.help.tinder.com/ ដើម្បីទាក់ទងក្រុមការងារផ្នែកជំនួយរបស់យើង។