គន្លឹះសុវត្ថិភាព

ការជួបមនុស្សថ្មីៗជារឿងមួយដ៏គួរឲ្យរំភើប ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នជានិច្ចនៅពេលប្រាស្រ័យទាក់ទងជាមួយនរណាដែលអ្នកមិនស្គាល់។ សូមអ្នកធ្វើការវិនិច្ឆយឲ្យបានហ្មត់ចត់បំផុត ហើយរក្សាសុវត្ថិភាពរបស់អ្នកជាចម្បង មិនថានៅពេលផ្ញើសារដំបូងរបស់អ្នក ឬក៏ជួបគ្នាដោយផ្ទាល់នោះទេ។ ទោះបីជាអ្នកមិនអាចគ្រប់គ្រងសកម្មភាពរបស់អ្នកដទៃបានក៏ដោយ មានរឿងខ្លះដែលអ្នកអាចធ្វើបានដើម្បីជួយឲ្យអ្នករក្សាសុវត្ថិភាពក្នុងពេលប្រើ Tinder។

សុវត្ថិភាពអនឡាញ

  • កុំផ្ញើប្រាក់ ឬចែករំលែកព័ត៌មានហិរញ្ញវត្ថុជាដាច់ខាត
    កុំផ្ញើប្រាក់ជាដាច់ខាត មិនថាតាមរយៈការផ្ទេរប្រាក់តាមអ៊ីនធឺណិត សេវាធនាគារ ឬកម្មវិធីនៅលើទូរសព្ទរបស់អ្នកទេ ទោះបីជាបុគ្គលនោះអះអាងថាស្ថិតក្នុងភាពអាសន្នក៏ដោយ។ វាសឹងតែមិនអាចទៅរួចក្នុងការបញ្ច្រាសប្រតិបត្តិការទាំងនេះមកវិញ ឬតាមដានកន្លែងដែលប្រាក់បានផ្ញើទៅ។ កុំធ្វើការវិនិយោគ ឬបើកគណនីជាមួយនរណាម្នាក់ដែលអ្នកបានផ្គូផ្គងជាមួយ ឬតាមរយៈសេវាកម្ម ឬគេហទំព័រដែលពួកគេណែនាំ។ កុំចែករំលែកព័ត៌មានដែលអាចត្រូវបានប្រើប្រាស់ដើម្បីចូលប្រើគណនីហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកប្រើផ្សេងទៀតស្នើសុំប្រាក់ពីអ្នក សូមរាយការណ៍មកយើងភ្លាមៗ។ សម្រាប់គន្លឹះដើម្បីចៀសផុតពីស្នេហាបោកប្រាស់ សូមមើលការណែនាំមួយចំនួនពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធរបស់សហរដ្ឋអាមេរិក។

  • ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
    កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជាលេខសន្តិសុខសង្គម អាសយដ្ឋានផ្ទះ ឬកន្លែងធ្វើការរបស់អ្នក ឬព័ត៌មានលម្អិតអំពីទម្លាប់ប្រចាំថ្ងៃរបស់អ្នក (ឧ. អ្នកទៅកន្លែងហាត់ប្រាណណាជារៀងរាល់ថ្ងៃចន្ទ) ជាមួយមនុស្សដែលអ្នកមិនស្គាល់។ ប្រសិនបើអ្នកជាឪពុកឬម្តាយ សូមកម្រិតព័ត៌មានដែលអ្នកចែករំលែកអំពីកូនៗរបស់អ្នកនៅលើប្រូហ្វាល់អ្នក និងនៅក្នុងការប្រាស្រ័យទាក់ទងគ្នាដំបូងៗ។ ជៀសវាងការចែករំលែកព័ត៌មានលម្អិតដូចជារូបភាពកូនៗរបស់អ្នក ឈ្មោះរបស់ពួកគេ កន្លែងដែលពួកគេទៅរៀន ឬអាយុ ឬភេទរបស់ពួកគេ។

  • ស្ថិតនៅលើកម្មវិធី
    រក្សាការសន្ទនានៅលើកម្មវិធី Tinder ពេលអ្នកកំពុងស្វែងយល់ពីនរណាម្នាក់។ ដោយសារតែការឆ្លើយឆ្លងនៅលើ Tinder ត្រូវឆ្លងកាត់ការចាប់រកសញ្ញាសុវត្ថិភាព និងទំនុកចិត្តរបស់យើង ជាញឹកញាប់អ្នកប្រើដែលមានចេតនាអាក្រក់ព្យាយាមបង្វែរការសន្ទនាទៅសារជាអក្សរ កម្មវិធីផ្ញើសារ អ៊ីមែល ឬទូរសព្ទភ្លាមៗតែម្តង។

  • ប្រយ័ត្នចំពោះទំនាក់ទំនងផ្លូវឆ្ងាយ និងក្រៅប្រទេស
    សូមប្រុងប្រយ័ត្នចំពោះអ្នកបោកប្រាស់ដែលអះអាងថាគេមកពីប្រទេសរបស់អ្នក ប៉ុន្តែកំពុងជាប់នៅកន្លែងផ្សេង ជាពិសេសប្រសិនបើពួកគេសុំជំនួយផ្នែកហិរញ្ញវត្ថុដើម្បីត្រឡប់ទៅផ្ទះវិញ។ កុំអនុញ្ញាតឲ្យគូផ្គូផ្គងបញ្ចុះបញ្ចូលអ្នកឲ្យធ្វើការវិនិយោគ ឬបើកគណនីជាមួយសេវាកម្ម ឬគេហទំព័រដែលពួកគេចែករំលែក។ សូមប្រុងប្រយ័ត្នចំពោះនរណាម្នាក់ដែលមិនព្រមជួបដោយផ្ទាល់ ឬមិនព្រមនិយាយតាមទូរសព្ទ/ការហៅជាវីដេអូ។ ពួកគេប្រហែលជាមិនមែនបុគ្គលដូចដែលពួកគេអះអាងនោះទេ។ ប្រសិនបើនរណាម្នាក់កំពុងគេចពីសំណួររបស់អ្នក ឬទទូចសុំបង្កើតទំនាក់ទំនងសេ្នហាច្បាស់លាស់ ដោយមិនបានជួប ឬស្វែងយល់ពីអ្នកជាមុនសិននោះ នេះជាសញ្ញាព្រមានហើយ។

  • រាយការណ៍ពីអាកប្បកិរិយាគួរឲ្យសង្ស័យ និងមិនសមរម្យទាំងអស់
    អ្នកដឹងថាពេលណានរណាម្នាក់បានឆ្លងបន្ទាត់ដែលបានកំណត់។ ហើយនៅពេលដែលពួកគេធ្វើវា យើងចង់ឲ្យអ្នករាយការណ៍ពីរឿងនោះ។ ទប់ស្កាត់ និងរាយការណ៍អំពីនរណាម្នាក់ដែលបំពានលក្ខខណ្ឌរបស់យើង ឬព្រំដែនផ្ទាល់ខ្លួនរបស់អ្នក។ នេះគឺជាឧទាហរណ៍មួយចំនួននៃការបំពាននានា៖

    • ការស្នើសុំប្រាក់ ឬការបរិច្ចាគ

    • អ្នកប្រើមិនទាន់គ្រប់អាយុ

    • ការបៀតបៀន ការគំរាមកំហែង និងសារបំពាន

    • អាកប្បកិរិយាមិនសមរម្យ ឬបង្កគ្រោះថ្នាក់ ក្នុងអំឡុងពេល ឬក្រោយពេលជួបផ្ទាល់

    • ប្រូហ្វាល់ក្លែងបន្លំ

    • សារឥតបានការ ឬការល្បួងសុំ រួមទាំងតំណភ្ជាប់ទៅកាន់គេហទំព័រពាណិជ្ជកម្ម ឬការប៉ុនប៉ងលក់ផលិតផល ឬសេវាកម្ម

អ្នកអាចរាយការណ៍ពីកង្វល់ទាំងឡាយអំពីអាកប្បកិរិយាដែលគួរឲ្យសង្ស័យពីទំព័រប្រូហ្វាល់ ឬផ្ទាំងវីនដូផ្ញើសារណាមួយ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគោលការណ៍ណែនាំសហគមន៍របស់យើង។

ការជួបដោយផ្ទាល់

  • កុំប្រញាប់ប្រញាល់អី
    ចំណាយពេលរបស់អ្នកតាមសម្រួល ហើយស្វែងយល់ពីបុគ្គលម្ខាងទៀតជាមុនសិន មុននឹងយល់ព្រមជួប ឬជជែកនៅក្រៅ Tinder។ កុំខ្លាចក្នុងការសួរសំណួរដើម្បីរកមើលក្រែងមានសញ្ញាព្រមាន ឬចំណុចមិនពេញចិត្តផ្ទាល់ខ្លួន។ ការហៅទូរសព្ទ ឬការហៅជាវីដេអូអាចជាឧបករណ៍ពិនិត្យមួយដ៏មានប្រយោជន៍មុនពេលជួបគ្នា។

  • ជួបគ្នានៅទីសាធារណៈ និងស្ថិតនៅទីសាធារណៈ
    ជួបគ្នានៅកន្លែងសាធារណៈដែលមានមនុស្សរស់នៅច្រើន កុំជួបនៅផ្ទះរបស់អ្នក ផ្ទះដៃគូណាត់ជួបរបស់អ្នក ឬទីតាំងឯកជនណាមួយផ្សេងទៀតឲ្យសោះ។ ប្រសិនបើដៃគូណាត់ជួបរបស់អ្នកដាក់សម្ពាធលើអ្នកឲ្យទៅទីតាំងឯកជន សូមបញ្ឈប់ការណាត់ជួប។

  • ប្រាប់មិត្តភក្តិ និងគ្រួសារអំពីគម្រោងរបស់អ្នក
    ប្រាប់មិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់អំពីគម្រោងរបស់អ្នក រួមទាំងពេលវេលា និងកន្លែងដែលអ្នកនឹងទៅផងដែរ។ សាកថ្មទូរសព្ទរបស់អ្នក និងដាក់វានៅជាប់ខ្លួនអ្នកគ្រប់ពេល។ ពិចារណាប្រើប្រាស់មុខងារដែលភ្ជាប់មកជាមួយទូរសព្ទរបស់អ្នក ដើម្បីចែករំលែកទីតាំងរបស់អ្នកជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត ខណៈពេលដែលអ្នកស្ថិតនៅខាងក្រៅសម្រាប់ការណាត់ជួប។

  • គ្រប់គ្រងលើមធ្យោបាយធ្វើដំណើររបស់អ្នក
    យើងចង់ឲ្យអ្នកគ្រប់គ្រងលើមធ្យោបាយធ្វើដំណើររបស់អ្នក ទាំងទៅ និងមកពីការណាត់ជួប ដើម្បីឲ្យអ្នកអាចចាកចេញនៅពេលណាក៏បាន។ ប្រសិនបើអ្នកបើកបរដោយខ្លួនឯង យកល្អគួរតែមានគម្រោងការណ៍បម្រុងទុកមួយ ដូចជាប្រើកម្មវិធីធ្វើដំណើររួមគ្នា ឬមានមិត្តភក្តិមកយកអ្នក។

  • ដឹងពីដែនកំណត់របស់អ្នក
    សូមប្រុងប្រយ័ត្នចំពោះឥទ្ធិពលនៃថ្នាំញៀន ឬគ្រឿងស្រវឹង ជាពិសេសមកលើខ្លួនអ្នក។ ពួកវាអាចប៉ះពាល់ដល់ការវិនិច្ឆយ និងស្មារតីប្រុងប្រយ័ត្នរបស់អ្នក។ ប្រសិនបើដៃគូណាត់ជួបរបស់អ្នកព្យាយាមដាក់សម្ពាធលើអ្នកឲ្យប្រើប្រាស់ថ្នាំញៀន ឬសេពគ្រឿងស្រវឹងហួសពីកម្រិតដែលអ្នកអាចទៅរួច សូមប្រកាន់ជំហររបស់អ្នក ហើយបញ្ឈប់ការណាត់ជួបនោះ។

  • កុំទុកភេសជ្ជៈ ឬរបស់របរផ្ទាល់ខ្លួនចោល
    ត្រូវដឹងថាភេសជ្ជៈរបស់អ្នកបានមកពីណា និងត្រូវដឹងគ្រប់ពេលថាវានៅកន្លែងណា។ សូមទទួលយកតែភេសជ្ជៈដែលបានចាក់ឱ្យ ឬបម្រើដោយផ្ទាល់ពីអ្នកចាក់ស្រា ឬអ្នកបម្រើការតែប៉ុណ្ណោះ។ សារធាតុជាច្រើនដែលត្រូវបានដាក់ចូលទៅក្នុងភេសជ្ជៈដើម្បីជួយសម្រួលដល់ការរំលោភបំពានផ្លូវភេទគឺគ្មានក្លិន គ្មានពណ៌ និងគ្មានរសជាតិទេ។ លើសពីនេះទៀត សូមទុកទូរសព្ទ កាបូប កាបូបលុយ និងអ្វីៗដែលមានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឲ្យនៅជាប់ខ្លួនអ្នកគ្រប់ពេល។

  • ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួល សូមចាកចេញ
    វាមិនអីទេក្នុងការបញ្ឈប់ការណាត់ជួបមុនពេលកំណត់ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល។ តាមពិតទៅ វាត្រូវបានលើកទឹកចិត្តឲ្យធ្វើបែបនេះ។ ហើយប្រសិនបើសភាវគតិរបស់អ្នកកំពុងប្រាប់អ្នកថាមានអ្វីមួយមិនស្រួល ឬអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពទេ សូមស្នើសុំជំនួយពីអ្នកចាក់ស្រា ឬអ្នកបម្រើការ។

  • ការធ្វើដំណើរសម្រាប់សហគមន៍ LGBTQ+
    សូមប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ។ យើងជឿជាក់លើការរួមបញ្ចូលអត្តសញ្ញាណភេទ និងទំនោរផ្លូវភេទទាំងអស់ ប៉ុន្តែការពិតដ៏អកុសលនោះគឺត្រង់ថា៖ គ្មានកន្លែងណាមួយនៅក្នុងពិភពលោកនេះដែលគ្មានហានិភ័យកើតឡើងនោះឡើយ។ ប្រទេសមួយចំនួនមានច្បាប់ជាក់លាក់ដែលកំណត់គោលដៅទៅលើមនុស្សក្នុងសហគមន៍ស្រឡាញ់ភេទដូចគ្នា (LGBTQ+)។ សូមពិនិត្យមើលច្បាប់ក្នុងតំបន់ នៅពេលធ្វើដំណើរទៅកន្លែងថ្មីមួយ ហើយស្រាវជ្រាវថាតើមានការការពារផ្លូវច្បាប់ប្រភេទណាខ្លះ ប្រសិនបើមាន សម្រាប់អ្នក ដោយផ្អែកលើទំនោរផ្លូវភេទ។ ប្រសិនបើអ្នកស្ថិតនៅក្នុងដែនដីដែលមិនមានសុវត្ថិភាព យើងសូមណែនាំឲ្យអ្នកបិទមុខងារ “បង្ហាញខ្ញុំនៅលើ Tinder” ដែលអ្នកអាចរកឃើញនៅក្រោមទំព័រការកំណត់។ ប្រសិនបើអ្នកបានបញ្ចូលទំនោរផ្លូវភេទទៅក្នុងប្រូហ្វាល់របស់អ្នក ហើយអ្នកស្ថិតនៅក្នុងដែនដីដែលយើងបានកំណត់ឃើញថាមិនមានសុវត្ថិភាពសម្រាប់មនុស្សក្នុងសហគមន៍ស្រឡាញ់ភេទដូចគ្នាទេ យើងនឹងលាក់ទំនោរផ្លូវភេទរបស់អ្នកពីប្រូហ្វាល់អ្នក រហូតទាល់តែអ្នកចាកចេញពីតំបន់នោះ។ វាមានសារៈសំខាន់ណាស់ដែលត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ប្រសិនបើអ្នកជ្រើសរើសភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីៗនៅក្នុងប្រទេសទាំងនេះ។ មន្ត្រីអនុវត្តច្បាប់មួយចំនួនត្រូវបានគេដឹងថាបានប្រើកម្មវិធីណាត់ជួបផ្សេងៗជាឧបករណ៍សម្រាប់ការដាក់អន្ទាក់ដ៏មានសក្តានុពល។ ថ្មីៗនេះ ប្រទេសមួយចំនួនក៏បានដាក់ឲ្យប្រើប្រាស់នូវច្បាប់ដែលដាក់ទោសទណ្ឌលើការប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលនានានៅលើកម្មវិធី ឬគេហទំព័រណាត់ជួបភេទដូចគ្នាផងដែរ ហើយថែមទាំងបន្ថែមស្ថានទម្ងន់ទោសថែមទៀត ប្រសិនបើការប្រាស្រ័យទាក់ទងគ្នានោះនាំទៅរកទំនាក់ទំនងផ្លូវភេទ។
    ចូលទៅកាន់ILGA Worldដើម្បីមើលច្បាប់ចុងក្រោយបំផុតស្តីពីទំនោរផ្លូវភេទតាមប្រទេស ហើយពិចារណាធ្វើការបរិច្ចាគដើម្បីជួយគាំទ្រដល់ការស្រាវជ្រាវរបស់ពួកគេ។ ប្រភព៖ ILGA World បានធ្វើបច្ចុប្បន្នភាពនៅខែមីនា ឆ្នាំ 2019

សុខភាពផ្លូវភេទ និងការយល់ព្រម

  • ការពារខ្លួនអ្នក
    នៅពេលដែលប្រើប្រាស់បានត្រឹមត្រូវ និងជាប់លាប់ ស្រោមអនាម័យអាចកាត់បន្ថយបានយ៉ាងច្រើននូវហានិភ័យនៃការឆ្លង និងចម្លងជំងឺកាមរោគ ដូចជាមេរោគអេដស៍។ ប៉ុន្តែ ចូរប្រយ័ត្នចំពោះជំងឺកាមរោគ ដូចជាជំងឺអ៊ែប៉េស ឬជំងឺ HPV ដែលអាចឆ្លងតាមរយៈការប៉ះពាល់ស្បែកនឹងស្បែក។ ហានិភ័យនៃការឆ្លងជំងឺកាមរោគមួយចំនួនអាចត្រូវបានកាត់បន្ថយតាមរយៈការចាក់វ៉ាក់សាំង។

  • ដឹងពីស្ថានភាពរបស់អ្នក
    មិនមែនគ្រប់ជំងឺកាមរោគទាំងអស់សុទ្ធតែបង្ហាញរោគសញ្ញានោះទេ ហើយដើម្បីស្រាយមន្ទិល វាជារឿងសំខាន់ដែលត្រូវដឹងពីស្ថានភាពរបស់អ្នក។ រក្សាសុខភាពរបស់អ្នកឲ្យបានល្អ និងការពារការរីករាលដាលនៃជំងឺកាមរោគដោយធ្វើតេស្តជាប្រចាំ។ នេះជាកន្លែងដែលអ្នកអាចស្វែងរកគ្លីនិកនៅជិតអ្នក (សម្រាប់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ)។

  • និយាយអំពីវា
    ការនិយាយដោយបើកចំហជារឿងដ៏សំខាន់មួយ៖ មុននឹងមានភាពស្និទ្ធស្នាលផ្នែករាងកាយជាមួយដៃគូ សូមពិភាក្សាគ្នាអំពីសុខភាពផ្លូវភេទ និងការធ្វើតេស្តជំងឺកាមរោគ។ ហើយសូមជម្រាបថា នៅកន្លែងមួយចំនួន ការចម្លងជំងឺកាមរោគដោយចេតនា ប្រាកដណាស់គឺជាបទល្មើសព្រហ្មទណ្ឌ។ ត្រូវការជំនួយក្នុងការចាប់ផ្តើមការសន្ទនាឬ? នេះគឺជាគន្លឹះមួយចំនួន។

  • ការយល់ព្រម
    សកម្មភាពផ្លូវភេទទាំងអស់ត្រូវតែចាប់ផ្តើមដោយការយល់ព្រម ហើយគួរតែសាកសួរដៃគូរបស់អ្នកជាប់ជានិច្ច។ ការប្រាស្រ័យទាក់ទងគ្នាដោយពាក្យសម្តីអាចជួយឲ្យអ្នក និងដៃគូរបស់អ្នក ធានាបានថាអ្នកទាំងពីរគោរពព្រំដែនគ្នាទៅវិញទៅមក។ ការយល់ព្រមអាចដកមកវិញនៅពេលណាក៏បាន ហើយការរួមភេទមិនមែនជាអ្វីដែលអ្នកជំពាក់នរណាម្នាក់នោះឡើយ។ កុំបន្ត ប្រសិនបើដៃគូរបស់អ្នកហាក់ដូចជាមិនស្រួល ឬមិនប្រាកដក្នុងចិត្ត ឬប្រសិនបើដៃគូរបស់អ្នកមិនអាចយល់ព្រមបានដោយសារឥទ្ធិពលនៃថ្នាំញៀន ឬគ្រឿងស្រវឹង។ អានបន្ថែមអំពីថាតើការយល់ព្រមមានលក្ខណៈយ៉ាងណា។