ការណែនាំ

អ្វីដែលត្រូវរាយការណ៍

ពេលណាអ្នកគួររាយការណ៍អំពីនរណាម្នាក់នៅលើ Tinder និងពេលណាអ្នកមិនគួរ។


យើងចាត់ទុកសុវត្ថិភាពជាអាទិភាពចម្បងនៅ Tinder ហើយយើងចង់ឲ្យអ្នកជូនដំណឹងមកយើងអំពីអាកប្បកិរិយាគួរឲ្យសង្ស័យណាមួយដែលអ្នកបានឃើញ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចេតនាល្អនោះទេ។ ម្យ៉ាងវិញទៀត ដោយសារតែមានអ្នកប្រើរាប់សិបលាននាក់នៅលើកម្មវិធី ទើបនាំឲ្យមានជនមួយចំនួនឆ្លៀតឱកាសបន្លំ ឬទាញយកប្រយោជន៍។ ដើម្បីធ្វើឲ្យដំណើរការនៃការរាយការណ៍របស់យើងកាន់តែមានប្រសិទ្ធភាព យើងត្រូវឲ្យអ្នករាល់គ្នាដឹងថាពេលណាអ្នកគួររាយការណ៍ពីនរណាម្នាក់នៅលើ Tinder និងពេលណាដែលអ្នកមិនគួរ។

សហគមន៍ចម្រុះពណ៌ដ៏ស្រស់បំព្រងរបស់យើងមានលក្ខណៈពិសេសប្លែកពីកម្មវិធីណាត់ជួបផ្សេងទៀត ហើយយើងពេញចិត្តបែបនេះណាស់។ ខណៈពេលដែលអ្នកនៅទីនេះ អ្នកនឹងមានឱកាសស្គាល់មនុស្សគ្រប់ប្រភេទមកពីមជ្ឈដ្ឋានផ្សេងៗ។ គិតថាយើងជាទីក្រុងដ៏រីកចម្រើនមួយដែលមានមនុស្សមកពីគ្រប់ទិសទី ដូចនឹងទីក្រុងញូវយ៉ក 100 ដង។ ហើយគិតថាខ្លួនអ្នកជាពលរដ្ឋទីក្រុងញូវយ៉កពិតៗ៖ បើអ្នកឃើញយ៉ាងម៉េច គឺថាអ៊ីចឹង។ អ្នកមិនត្រឹមតែអាចការពារអ្នកប្រើផ្សេងទៀតកុំឲ្យក្លាយជាជនរងគ្រោះប៉ុណ្ណោះទេ អ្នកក៏អាចធ្វើជាភ្នែកជាច្រមុះរបស់យើងផងដែរ ដោយយើងមិនអាចមើលឃើញនិងដឹងគ្រប់រឿងបានទេ។ ជួយរក្សាសុវត្ថិភាពសហគមន៍របស់យើងដោយរាយការណ៍ពីឧប្បត្តិហេតុដែលផ្ទុយនឹងគោលការណ៍ណែនាំសម្រាប់អ្នកប្រើប្រាស់របស់យើង។

ដើម្បីកុំឲ្យរង់ចាំយូរ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីការរាយការណ៍។

ពេលអនឡាញ

អ្នកនៅទីនេះដើម្បីភ្ជាប់ទំនាក់ទំនងគ្នា មិនមែនដើម្បីរកប្រាក់ទេ ហើយប្រសិនបើនរណាម្នាក់សួរអ្នកអំពីព័ត៌មានហិរញ្ញវត្ថុ អ្នកគួរប្រាប់ពួកគេបែបនេះ ហើយប្រាប់ពួកយើងឲ្យបានដឹងផង។ យើងចង់ដឹងប្រសិនបើនរណាម្នាក់កំពុងបង្ហាញព័ត៌មានផ្ទាល់ខ្លួនក្នុងប្រូហ្វាល់របស់ពួកគេ ឬស្នើសុំព័ត៌មានដូចគ្នាពីអ្នកដែរ។

សូមរាយការណ៍ពីការបៀតបៀនទាំងនៅលើ និងក្រៅកម្មវិធី។

យើងយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់របាយការណ៍អំពីការបៀតបៀន ហើយអ្នកគួរតែធ្វើដូចគ្នាដែរ។ ប៉ុន្តែយើងមិនដឹងថាតើមាននរណាម្នាក់កំពុងបៀតបៀនអ្នកទេនៅពេលដែលអ្នកប្រាស្រ័យទាក់ទងគ្នានៅក្រៅបណ្តាញ។ ប្រសិនបើនរណាម្នាក់ផ្ញើសាររំខានមកអ្នកទាំងនៅលើ ឬក្រៅកម្មវិធី សូមប្រាប់យើងឲ្យបានដឹង ហើយយើងនឹងចាត់វិធានការទៅតាមនោះ។

កុំរាយការណ៍ពីមនុស្សដែលមិនផ្ញើសារមកអ្នកវិញ។

ពេលខ្លះអ្នកមិនទទួលបានសារត្រឡប់មកវិញពីមនុស្សដែលអ្នកបានផ្គូផ្គងជាមួយទេ ដែលធ្វើឲ្យអ្នកឆ្ងល់ថាម៉េចបានជាគេផ្គូផ្គងជាមួយអ្នកតាំងពីដំបូង។ មិនថាពួកគេលែងចាប់អារម្មណ៍ ផ្គូផ្គងដោយចៃដន្យ ឬភ័យខ្លាចមិនហ៊ានប្រាប់អ្នកទេ អ្នកមិនអាចដឹងបានឡើយ។ ត្រូវលើកទឹកចិត្តខ្លួនឯងវិញ ហើយស្វែងរកគូផ្គូផ្គងថ្មីៗ ជាជាងរាយការណ៍ពីពួកគេ។

សូមរាយការណ៍ពីខ្លឹមសារអាសអាភាសណាមួយដែលបានផ្ញើ ដោយគ្មានការយល់ព្រមរបស់អ្នក។

យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការធ្វើអន្តរាគមន៏នៅពេលដែលយើងយល់ថាសារណាមួយមិនមានភាពសមរម្យនៅលើកម្មវិធី ប៉ុន្តែមនុស្សគ្រប់គ្នាមានព្រំដែនខុសៗគ្នា។ ប្រសិនបើនរណាម្នាក់ផ្ញើខ្លឹមសារអាសអាភាសឲ្យអ្នកដោយគ្មានការយល់ព្រមពីអ្នក ត្រូវដឹងថាអ្នកអាចរាយការណ៍ពីពួកគេមកយើងបាន ទោះបីអ្នកបានធ្វើការសន្ទនានៅក្រៅកម្មវិធីក៏ដោយ។ ត្រូវប្រាកដថាអ្នកឈប់ផ្គូផ្គងជាមួយពួកគេ ហើយទប់ស្កាត់ពួកគេនៅកន្លែងផ្សេងទៀតដែលពួកគេអាចនឹងធ្លាប់បានទាក់ទងអ្នកផងដែរ។

កុំរាយការណ៍ពីមនុស្សទាំងឡាយដោយសារជាតិសាសន៍ ភេទ ឬនិន្នាការភេទរបស់ពួកគេ។

មិនមែនមនុស្សគ្រប់គ្នានៅក្នុងបញ្ជីនៃការផ្គូផ្គងដែលមានសក្តានុពលរបស់អ្នកសុទ្ធសឹងតែមើលទៅដូចអ្នក ឬមានជំនឿដូចគ្នាទេ។ ប្រសិនបើអ្នកមិនចាប់អារម្មណ៍នឹងនរណាម្នាក់ដោយសារតែពួកគេជាជនជាតិស្បែកខ្មៅ អ្នកប្តូរភេទ ឬអ្នកដែលមាននិន្នាការភេទពីរ អ្នកអាចប្រើមុខងារអូសទៅឆ្វេងដើម្បីរំលង និងប្តូរគោលដៅទៅអ្នកបន្ទាប់បាន។ សូមជឿយើងចុះថា រឿងតែមួយគត់ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សដែលគួរឲ្យស្អប់នោះគឺការរាយការណ៍ពីមនុស្សដោយផ្អែកលើអត្តសញ្ញាណរបស់ពួកគេ។