ការណែនាំ

ការយល់ព្រម 101

វាជាផ្នែកមួយដ៏ចាំបាច់នៃការភ្ជាប់ទំនាក់ទំនង ហើយយើងនៅទីនេះដើម្បីផ្តល់ជូនអ្នកនូវវគ្គសិក្សាខ្លីមួយ។


ការបំពានផ្លូវភេទ

ការណាត់ជួប និងការរួមភេទអាចជារឿងមួយដែលពិបាកក្នុងការស្វែងយល់។ មនុស្សគ្រប់គ្នាដែលអ្នកជួបនឹងមានព្រំដែន និងការរំពឹងទុកផ្ទាល់ខ្លួនរបស់ពួកគេ ហើយការប្រាស្រ័យទាក់ទងគ្នាគឺជាគន្លឹះ។ ត្រង់នេះហើយដែលត្រូវមានការយល់ព្រមរវាងគ្នានិងគ្នា។ វាជាផ្នែកមួយដ៏ចាំបាច់នៃការភ្ជាប់ទំនាក់ទំនង ហើយយើងនៅទីនេះដើម្បីផ្តល់ជូនអ្នកនូវវគ្គសិក្សាខ្លីមួយ។

ការយល់ព្រមគឺសាមញ្ញណាស់។ វាគ្រាន់តែមានន័យថាទទួលបានការអនុញ្ញាតសម្រាប់សកម្មភាពស្និទ្ធស្នាលណាមួយ។ ពេលខ្លះការយល់ព្រមត្រូវបានបង្ហាញតាមរយៈពាក្យសំដី ហើយពេលខ្លះតាមរយៈសកម្មភាព។ ចំណុចនេះមានន័យថា ប្រសិនបើអ្នកកំពុងជួបនរណាម្នាក់ផ្ទាល់ អ្នកមានទំនួលខុសត្រូវក្នុងការគោរពព្រំដែនរបស់ពួកគេ ហើយពួកគេក៏ត្រូវធ្វើដូចគ្នាដែរចំពោះអ្នក។ ប្រសិនបើអ្នកមិនប្រាកដថាតើគេចង់បានបែបណា សូមសួរពួកគេ។

ប្រសិនបើអ្នកកំពុងជួបជាមួយនរណាម្នាក់ ចូរចាំថា៖ អ្នកត្រូវប្រាកដក្នុងចិត្ត និងគិតឲ្យបានច្បាស់លាស់ មុនពេលយល់ព្រមចំពោះសកម្មភាពផ្លូវភេទណាមួយដែលនឹងកើតឡើង។ ហើយប្រសិនបើអ្នកត្រៀមខ្លួនជាស្រេចដើម្បីឈានទៅជំហានបន្ទាប់ជាមួយពួកគេ អ្នកត្រូវប្រាកដថាអ្នកទទួលបានការយល់ព្រមពីពួកគេនៅគ្រប់ជំហានទាំងអស់។

ត្រូវចាំថា៖

  • និយមន័យផ្លូវច្បាប់អាចនឹងខុសៗគ្នា ប៉ុន្តែការបំពានផ្លូវភេទជាទូទៅសំដៅទៅលើការប៉ះពាល់ ឬសកម្មភាពផ្លូវភេទណាមួយដែលកើតឡើងដោយគ្មានការយល់ព្រមពីជនរងគ្រោះ។ ការបំពានផ្លូវភេទរួមមាន ការរំលោភសេពសន្ថវៈ ការប៉ះពាល់ផ្លូវភេទដោយមិនមានការយល់ព្រម ឬការបង្ខំឲ្យធ្វើសកម្មភាពដូចជាការសម្តែង ឬការរួមភេទតាមមាត់។
  • មិនមានការយល់ព្រមទេ ប្រសិនបើមនុស្សម្នាក់បាត់បង់ ឬខ្សោយសតិស្មារតី អសមត្ថភាព ឬខ្សោយផ្លូវកាយដោយស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន ឬគ្រឿងស្រវឹង ពីព្រោះពួកគេមិនអាចយល់ដឹងការពិត ចរិតលក្ខណៈ ឬកម្រិតនៃស្ថានភាពនោះ។
  • ការយល់ព្រមត្រូវបានផ្តល់ជូនដោយសេរីនៅពេលគ្មានការភ័យខ្លាច សម្ពាធ ឬការគំរាមកំហែងណាមួយដែលពាក់ព័ន្ធ។ ជនប្រព្រឹត្តបទល្មើសមិនមែនតែងតែប្រើកម្លាំងកាយនោះទេ៖ ពួកគេអាចនឹងប្រើការគំរាមកំហែង ឧបាយកល ឬការបង្ខិតបង្ខំ។
  • អ្នកតែងតែមានសិទ្ធិនិយាយថា “ទេ”។ គេមិនថា “ទេ” មិនមែនមានន័យថាយល់ព្រមទេ។ ប្រសិនបើនរណាម្នាក់ហាក់ដូចជាមានអារម្មណ៍មិនស្រួលក្នុងចិត្ត ឬស្ទាក់ស្ទើរ សូមសាកសួរអំពីអារម្មណ៍របស់ពួកគេ ហើយផ្តល់ពេលឲ្យពួកគេ។ “ប្រហែល” តែងតែមានន័យថា “ទេ”។
  • ពាក្យ “បាទ/ចាស” សម្រាប់សកម្មភាពផ្លូវភេទមួយប្រភេទមិនមានន័យថា “បាទ/ចាស” សម្រាប់សកម្មភាពមួយផ្សេងទៀតទេ។ ការយល់ព្រមមិនមែនជាអ្វីដែលអ្នកផ្តល់ឲ្យតែម្តងនោះទេ ព្រោះវាជាអ្វីដែលអ្នកត្រូវតែពិនិត្យជាប់ជានិច្ចក្នុងអំឡុងពេលដែលអ្នកនៅជាមួយគ្នា។ សូម្បីតែបន្ទាប់ពីមានការយល់ព្រមដំបូងក៏ដោយ ភាគីម្ខាងទៀតតែងតែមានសិទ្ធិប្តូរចិត្តរបស់គេ និងនិយាយថាទេបាន ហើយអ្នកក៏ដូចគ្នាដែរ។

ស្នើសុំការយល់ព្រម

ការយល់ព្រមមិនចាំបាច់តែតាមពាក្យសំដីទេ ប៉ុន្តែការយល់ព្រមដោយផ្ទាល់មាត់ទៅនឹងសកម្មភាពផ្លូវភេទផ្សេងៗគ្នាអាចជួយអ្នក និងដៃគូអ្នកឲ្យគោរពព្រំដែនរបស់គ្នាទៅវិញទៅមក។ ការយល់ព្រមដោយពាក្យសំដីអាចរួមមានការនិយាយថា “បាទ/ចាស” “កុំឈប់” ឬប្រាប់ដៃគូពីអ្វីដែលអ្នកចង់បាន។ ឧទាហរណ៍មួយចំនួននៃការយល់ព្រមដែលមិនមែនជាពាក្យសំដីរួមមាន ការងក់ក្បាល ការទាញនរណាម្នាក់ឲ្យកាន់តែជិត ឬការចូលរួមយ៉ាងសកម្ម ដូចជាការស្ទាបអង្អែលគ្នា។

សូមចងចាំថា ការឲ្យសញ្ញាមិនមែនជាពាក្យសំដីហាក់ដូចជាមិនសូវច្បាស់លាស់ទេនៅពេលដែលអ្នកនៅជាមួយដៃគូថ្មី ដូច្នេះយកល្អអ្នកគួរតែប្រើការយល់ព្រមដោយពាក្យសំដីជានិច្ចរហូតដល់អ្នកស្គាល់នរណាម្នាក់ច្បាស់។ ម្យ៉ាងវិញទៀត ការស្នើសុំការយល់ព្រមអាចជាប្រការមួយដែលទាក់ទាញ។ ការយល់ព្រមគួរតែមានភាពច្បាស់លាស់ បង្ហាញភាពរីករាយ និងបន្តជានិច្ចក្នុងសកម្មភាពផ្លូវភេទទាំងមូល។ វាពិតជាមានសារៈសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាដែលមានទំនាក់ទំនងគ្នាត្រូវមានអារម្មណ៍ល្អជាមួយនឹងអ្វីដែលកំពុងកើតឡើង ហើយប្រាស្រ័យទាក់ទងគ្នាដោយការគោរពនៅគ្រប់ជំហាន។

សូមចងចាំថាការយល់ព្រមមិនត្រូវបានកំណត់ចំពោះតែសកម្មភាពផ្លូវភេទទេ។ អ្នកអាចទាក់ទងគ្នាផ្ទាល់ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងយល់ដឹងពីកម្រិតនៃភាពស្និទ្ធស្នាល ដែលនាំឲ្យអ្នកអាចកំណត់ព្រំដែនច្បាស់លាស់ តាមដែលអ្នកអាចធ្វើទៅបាន។ សូមចងចាំថា ជនដែលអសមត្ថភាពដោយសារគ្រឿងញៀន ឬគ្រឿងស្រវឹងមិនអាចផ្តល់ការយល់ព្រមបានឡើយ។

ការផ្តល់ការយល់ព្រម

ប្រសិនបើអ្នកមិនមានអារម្មណ៍ស្រួលក្នុងចិត្តក្នុងការចូលរួមសកម្មភាពណាមួយទេ អ្នកពុំចាំបាច់នោះទេ ហើយគ្មាននរណាម្នាក់មានសិទ្ធិដាក់សម្ពាធឲ្យអ្នកចូលរួមសកម្មភាពនោះឡើយ។ ត្រូវមានភាពច្បាស់លាស់ពីចេតនារបស់អ្នក ហើយដឹងថាគ្មានដៃគូណាត់ជួប (ឬនរណាម្នាក់) មានសិទ្ធិបំពានព្រំដែនរបស់អ្នកទេ ហើយអ្នកក៏មិនគួរធ្វើបែបនេះដាក់នរណាម្នាក់ដែរ។

ប្រសិនបើអ្នកកំពុងពិចារណាចូលរួមក្នុងសកម្មភាពផ្លូវភេទណាមួយ សូមឲ្យមនុស្សម្នាក់ទៀតដឹងពីអ្វីដែលល្អសម្រាប់អ្នក៖ ស្វែងរកមធ្យោបាយដែលអ្នកទាំងពីរអាចប្រាស្រ័យទាក់ទងគ្នាបានអំពីការយល់ព្រមជាប់ជានិច្ច ដូចជាឧស្សាហ៍និយាយទាក់ទងគ្នានៅពេលអ្វីៗដំណើរការទៅមុខ។ ប្រសិនបើអ្នកមិនច្បាស់ថាតើម្ខាងទៀតរីករាយនឹងសកម្មភាពផ្លូវភេទជាក់លាក់ណាមួយឬអត់នោះ សូមសួរពួកគេ។ សូមចាំថា គេមិនថា “ទេ” មិនមែនមានន័យថា “យល់ព្រម” ឡើយ។