ការណែនាំ

មូលហេតុល្អបំផុតចំនួន 7 ក្នុងការទៅចោលនរណាម្នាក់ស្ងាត់ៗ

ការខុសឆ្គងមួយចំនួនគឺជាមូលហេតុសម្រាប់ឲ្យយើងព្រងើយកន្តើយភ្លាមៗបាន។


ការដែលត្រូវបានគេទៅចោលស្ងាត់ៗគឺជារឿងមួយដ៏អាក្រក់បំផុតដែលមិនអាចទ្រាំបានឡើយ… សម្រាប់មនុស្សល្អដែលមិនសមនឹងទទួលរងទង្វើបែបនេះ។ តែសម្រាប់មនុស្សដែល សមនឹងទទួលរងទង្វើបែបនេះ វិញ វាជារឿងមួយផ្សេងទៀត។ និយាយទៅ ពិតជាមានការខុសឆ្គងមួយចំនួនដែលជាមូលហេតុសម្រាប់ឲ្យយើងព្រងើយកន្តើយភ្លាមៗបាន ហើយបើយោងទៅតាមអ្នកជំនាញដែលយើងបានសាកសួរ ការខុសឆ្គងទាំងនោះមានច្រើនបែបណាស់។ ដូច្នេះ លើកក្រោយនៅពេលដែលអ្នកចាប់ផ្តើមឃើញសញ្ញាមិនល្អណាមួយ អ្នកអាចត្រៀមខ្លួនទៅចោលបុគ្គលម្នាក់នោះភ្លាមៗបាន ដោយទុកឲ្យជនដែលអាចបង្កបញ្ហានោះ មិនទទួលបានការឆ្លើយតបជារៀងរហូត។ នាពេលខាងមុខ មានការណែនាំអំពីសេណារីយ៉ូផ្សេងៗដែលសមនឹងទៅចោលស្ងាត់ៗ ដែលបានចុះហត្ថលេខារួមគ្នាដោយក្រុមអ្នកជំនាញខាងទំនាក់ទំនងរបស់យើង។

ការប្រាស្រ័យទាក់ទងមិនជាប់លាប់ ឬមិនគួរឲ្យទុកចិត្ត

Tori Autumn គ្រូបង្វឹកអំពីជីវិតដែលមានវិញ្ញាបនបត្រ បានមានប្រសាសន៍ថា “នៅក្នុងពិភពនៃការណាត់ជួប វាជារឿងធម្មតាក្នុងការទៅចោលនរណាម្នាក់ស្ងាត់ៗ នៅពេលគេបង្ហាញភាពមិនស៊ីសង្វាក់គ្នាម្តងហើយម្តងទៀតក្នុងការប្រាស្រ័យទាក់ទង ឬចំណាប់អារម្មណ៍ក្នុងការដើរលេង”។ ការខ្វះគំនិតផ្តួចផ្តើមក្នុងការចាប់ផ្តើម ឬបន្តការសន្ទនាយ៉ាងសកម្មលើអ៊ីនធឺណិតកើតឡើងជាញឹកញាប់ណាស់ ហើយជាធម្មតាវាបង្ហាញថាតើពួកគេបុរេសកម្មក្នុងការរៀបចំគម្រោងណាត់ជួបជាក់ស្តែងឬអត់។ Autumn ណែនាំឲ្យទៅចោលស្ងាត់ៗឲ្យបានលឿននៅក្នុងសេណារីយ៉ូនេះ ដើម្បីកុំឲ្យចំណាយពេល និងកម្លាំងរបស់អ្នក៖ “ត្រូវទប់ចិត្តខ្លួនឯងកុំឲ្យបន្តការសន្ទនាដែលគ្មានន័យ។”

ការមិនអើពើចំពោះការយល់ព្រម និង/ឬសុវត្ថិភាពផ្ទាល់ខ្លួន

ការយល់ព្រមគឺជាគន្លឹះសំខាន់នៅគ្រប់ស្ថានភាពណាត់ជួប មិនថាក្នុងសេណារីយ៉ូ ឬកាលៈទេសៈបែបណានោះទេ។ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន គូណាត់ជួប ឬដៃគូដែលមានសក្តានុពលមិនគួរធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពឡើយ ទោះដោយវិធី បែបផែន ឬទម្រង់ណាក៏ដោយ។ ប្រសិនបើពួកគេចាប់ផ្តើមបង្ហាញការគំរាមកំហែង ទោះបីតិចតួចបំផុតក៏ដោយ ដោយវិធីណាក៏ដោយ ចូរផ្តាច់ទំនាក់ទំនងដោយមិនចាំបាច់និយាយអ្វីឡើយ។ Michelle Baxo គ្រូបង្វឹកផ្ទាល់ខ្លួន និងអ្នកជំនាញខាងណាត់ជួបបានមានប្រសាសន៍ថា “ប្រសិនបើនរណាម្នាក់មើលទៅដូចជាគឃ្លើនដោយប្រការណាមួយ មិនថាតាមរយៈការដាក់សម្ពាធលើអ្នក ការជជែកវែកញែកមិនសមរម្យ ឬឆាប់ខឹងនិងបង្កហេតុ ចូរដកខ្លួនចេញ និងផ្តាច់ទំនាក់ទំនង”។ “ចាត់ទុកថានេះជាទង្វើនៃក្តីស្រឡាញ់ចំពោះខ្លួនឯង និងការកំណត់ព្រំដែនដែលល្អសមស្រប។”

ការជ្រើសរើសការទៅចោលស្ងាត់ៗលើតម្លាភាព ឬការប្រឈមមុខគ្នានៅទីនេះ គឺជាវិធីដ៏ឆ្លាតវៃសម្រាប់សុវត្ថិភាពរបស់អ្នក។ Carla Marie Manly, Ph.D. ចិត្តវិទូផ្នែកព្យាបាលដែលមានឯកទេសខាងសុវត្ថិភាពទំនាក់ទំនងបានបញ្ជាក់។ “ការប្រឈមមុខនឹងបុគ្គលដែលខឹងសម្បា ឬរំលោភបំពានអាចបង្កគ្រោះថ្នាក់ច្រើនជាងផ្តល់ផលល្អ។ ការទៅចោលស្ងាត់ៗពីបុគ្គលដែលខឹងសម្បា ឬរំលោភបំពានមិនមែនមានន័យថាអ្នកជាមនុស្សទន់ខ្សោយនោះទេ តែវាមានន័យថាអ្នកជាមនុស្សដែលឆ្លាត និងរឹងមាំ។”

នៅពេលពួកគេមិនទទួលស្គាល់តម្រុយ

Autumn បានមានប្រសាសន៍ថា “បើអ្នកបានព្យាយាមពន្យល់ច្រើនដងហើយ ហើយជនដែលត្រូវអ្នកទៅចោលស្ងាត់ៗនៅតែមិនយល់ថាអ្នកមិនចាប់អារម្មណ៍នឹងគេនោះ វាមិនអីទេដែលអ្នកទៅចោលគេនោះ”។ Manly បានយល់ស្រប។ “នៅពេលដៃគូម្នាក់បដិសេធមិនទទួលយកសារដែលថាទំនាក់ទំនងបានបញ្ចប់ហើយនោះ ទោះបីអ្នកបានព្យាយាមបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតអំពីការបញ្ចប់នោះក៏ដោយ ពេលខ្លះការទៅចោលស្ងាត់ៗគឺជាជម្រើសដែលសមហេតុសមផលតែមួយគត់”។

ការក្លែងបន្លំដែលអាចកើតមាន

នេះគឺជារឿងដ៏ធំមួយ។ ការក្លែងបន្លំ៖ គឺជាបញ្ហាដ៏គួរឲ្យកត់សម្គាល់មួយ នៅពេលនរណាម្នាក់ក្លែងបន្លំខ្លួនជាអ្នកផ្សេងតាមអ៊ីនធឺណិត។ Johnny Santiago នៃ Social Catfish ដែលជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណមួយ បានណែនាំថា “ប្រសិនបើមនុស្សដែលអ្នកកំពុងផ្ញើសារតាមអនឡាញមិនដែលចង់ជជែកតាមវីដេអូ ចាប់ផ្តើមសុំលុយដោយមានមូលហេតុចម្លែកៗ ឬរកលេសទាក់ទងនឹងមូលហេតុដែលពួកគេមិនអាចជួបដោយផ្ទាល់បាន ចូររំលង ហើយទៅចោលពួកគេដោយស្ងាត់ៗ”។ ដូច្នេះ តើមានសញ្ញាអ្វីខ្លះទៀតដែលគេសម្គាល់មិនសូវបាន ដែលយើងត្រូវប្រុងប្រយ័ត្ន? គាត់មានប្រសាសន៍ថា “ជាធម្មតាមនុស្សក្លែងបន្លំបង្ហោះរូបភាពខុសៗគ្នាជាច្រើនទៅក្នុងប្រូហ្វាល់របស់ពួកគេ ដើម្បីឲ្យវាមើលទៅគួរឲ្យជឿទុកចិត្ត ប៉ុន្តែពួកគេបង្ហោះវាម្តងទាំងអស់ក្នុងពេលតែមួយ”។ “សញ្ញាមួយទៀតដែលអ្នកមិនអាចចាប់បាននោះគឺថាពួកគេមានចំណាប់អារម្មណ៍ ឬចំណង់ចំណូលចិត្តជាច្រើន។ ជាធម្មតា មនុស្សកម្រិតមធ្យមអាចរៀបរាប់ចំណូលចិត្តមួយ ឬពីរ ប៉ុន្តែមនុស្សក្លែងបន្លំអាចមានចំណូលចិត្ត ឬចំណង់ចំណូលចិត្តច្រើនខុសពីធម្មតា ហើយពួកគេរក្សាចំណង់ចំណូលចិត្តរបស់ពួកគេឲ្យទូលំទូលាយដើម្បីទាក់ទាញមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។”

យោងតាម Santiago “គ្មានជម្រើសណាប្រសើរជាងការទៅចោលស្ងាត់ៗនោះទេ”។ គាត់មានប្រសាសន៍ថា “បើកាលណាជនរងគ្រោះនិយាយកាន់តែច្រើនជាមួយមនុស្សក្លែងបន្លំ នោះមនុស្សក្លែងបន្លំនឹងអាចត្រួតត្រាបានកាន់តែខ្លាំង”។ “វិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការដកខ្លួនចេញពីស្ថានភាពនេះគឺការកាត់ផ្តាច់ការប្រាស្រ័យទាក់ទងទាំងអស់ជាមួយពួកគេ។ កុំផ្តល់ឱកាសណាមួយឲ្យពួកគេអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។”

សញ្ញានៃការកុហក ការបោកប្រាស់ ឬភាពមិនស្មោះត្រង់

Manly មានប្រសាសន៍ថា “ប្រសិនបើអ្នកមានអារម្មណ៍ថានរណាម្នាក់កំពុងកុហកអ្នក ហើយអ្នកឃើញលំនាំមួយបង្ហាញពីភាពមិនស្មោះត្រង់ ការទៅចោលស្ងាត់ៗគឺជាវិធីដ៏ឆ្លាតវៃបំផុត”។ “ប្រសិនបើអ្នកព្យាយាមសន្ទនាដោយបើកចំហ និងស្មោះត្រង់ជាមួយមនុស្សបោកបញ្ឆោត យុទ្ធសាស្ត្ររបស់ពួកគេអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកគឺជាមនុស្សដែលបង្កើតបញ្ហា។ ដូច្នេះ ការទៅចោលស្ងាត់ៗអាចជាយុទ្ធសាស្រ្តសុវត្ថិភាពតែមួយគត់។” នេះគឺជាឧទាហរណ៍ក្នុងសៀវភៅសិក្សាអំពីការបោកបញ្ឆោត ដែលជាទម្រង់នៃការរំលោភបំពានផ្លូវចិត្ត ដែលមិនគួរមើលរំលង ឬមិនអើពើឡើយ។

Manly បានបន្តថា “ប្រសិនបើអ្នកកំពុងត្រូវបានគេល្បួងឲ្យធ្វើអ្វីមួយដែលអ្នកគិតថាមិនត្រឹមត្រូវ ការទៅចោលស្ងាត់ៗអាចជាវិធីដែលរក្សាសុវត្ថិភាពរបស់អ្នក”។ “ជាទូទៅ មនុស្សបោកបញ្ឆោតនឹងមិនយកចិត្តទុកដាក់ឆ្លើយតបឲ្យបានល្អចំពោះរឿងក្នុងចិត្តរបស់អ្នកទាក់ទងនឹងអ្វីដែលអ្នកកំពុងជួបប្រទះទេ ហើយជាញឹកញាប់ការសន្ទនាជាមួយមនុស្សបោកបញ្ឆោតនឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែច្របូកច្របល់ និងមានមន្ទិលចំពោះខ្លួនឯង។ ដូច្នេះ ការទៅចោលមនុស្សបោកបញ្ឆោតស្ងាត់ៗអាចជាវិធីដ៏ឆ្លាតវៃបំផុត។”

ភាពមិនស្រួលទូទៅ

ពេលខ្លះអ្នកមិនដឹងថាហេតុអីបានជាអាកប្បកិរិយារបស់មនុស្សម្នាក់គួរឲ្យរំខាន ហើយវាមិនអីទេ។ អ្នកមិនចាំបាច់ពន្យល់អារម្មណ៍ក្នុងចិត្តនោះឡើយ — ការជឿជាក់លើសភាវគតិរបស់អ្នកគឺជាគន្លឹះនៅពេលដែលដៃគូណាត់ជួបធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល ហើយប្រសិនបើគេបានធ្វើដូច្នេះមែននោះ អ្នកពុំចាំបាច់ពន្យល់គេអំពីមូលហេតុដែលអ្នកចង់បញ្ចប់រឿងនោះទេ។ ប្រសិនបើនរណាម្នាក់ធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនស្រួល ការផ្តាច់ទំនាក់ទំនងដើម្បីការពារខ្លួនអ្នកអាចនឹងប្រសើរជាងការនិយាយថា “ជាទូទៅអ្នកឯងមិនកើតទេ”។

បើអ្នកមានអារម្មណ៍ថាគេកំពុងប្រើអ្នក

Justin Lavelle ប្រធានផ្នែកទំនាក់ទំនងនៅ PeopleLooker ដែលជាមូលដ្ឋានទិន្នន័យពិនិត្យសាវតារសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “ប្រសិនបើនរណាម្នាក់ផ្ញើសារមកអ្នកតែនៅពេលដែលគេត្រូវការអ្វីមួយនោះ វាគឺជាមូលហេតុដ៏ល្អបំផុតក្នុងការទៅចោលគេស្ងាត់ៗ”។ “ប្រសិនបើអ្នកបានស្នើសុំឲ្យនរណាម្នាក់ឈប់ទាក់ទងមកអ្នក តែគេនៅតែបដិសេធមិនគោរពតាមការស្នើសុំនោះ ចូរទៅចោលគេស្ងាត់ៗចុះ។” អ្នកមិនគួរចំណាយពេល និងចំណាយកម្លាំងដើម្បីគេចពីការពិតដែលថាបុគ្គលនេះកំពុងធ្វើឲ្យអ្នកមានអារម្មណ៍ថាត្រូវគេកេងប្រវ័ញ្ចនោះទេ មិនថាគេដឹងខ្លួនឬអត់ទេ សំខាន់គឺគ្មានអ្វីដែលអាចផ្លាស់ប្តូរអារម្មណ៍ក្នុងចិត្តរបស់អ្នកបានឡើយ។ ជាវិធានការបង្ការ Lavelle ណែនាំឲ្យចងក្រងឯកសារអំពីការប្រាស្រ័យទាក់ទងរបស់អ្នក៖ “វាជាការឆ្លាតវៃក្នុងការរក្សាទុករូបថតអេក្រង់មុនពេលអ្នកធ្វើបែបនេះ ដើម្បីឲ្យអ្នកមានភស្តុតាងអំពីការបៀតបៀនប្រសិនបើវាបន្តកើនឡើង។”